ខេមរៈ សិរីមន្ដ ចេញអាល់ប៊ុមចំរៀងវ៉ុលថ្មីក្នុងផលិតកម្មសាន់ដេ
រាជធានី ភ្នំពេញ ៖ តាមរយៈលោក ខេមរៈ ភារុន ជាបងប្រុស និងជាអ្នកនិពន្ធបទចំរៀងឱ្យលោកខេមរៈ សិរីមន្ដ ឱ្យដឹងថា លោកខេមរៈ សិរីមន្ដ មានអាយុ២៤ឆ្នាំ ហើយបានក្លាយជាតារាចំរៀងតាំងពីឆ្នាំ២០០៤មក។ កាលនោះលោកថតសំលេងចូលស៊ីឌី និងសំដែងកាយវិការខារ៉ាអូឱ្យផលិតកម្មយូធូ ហើយទទួលការគាំទ្រពីសំណាក់អ្នកស្ដាប់ច្រើនជាពិសេសពីសំណាក់យុវវ័យ។ លោកខេមរៈ សិរីមន្ដ ចាប់ផ្ដើមមានឈ្មោះល្បីតាមរយៈបទ “ទងស្នេហ៍” និងបទ “ព្រលឹតបាតបឹង” ក្នុងផលិតកម្មយូធូ ។ រហូតដល់ឆ្នាំ២០០៧ លោកកាន់តែមានឈ្មោះល្បីតាមរយៈបទ “ព្រមទាំងអាល័យ” បទ “កំហុសគ្រប់យ៉ាងមកពីខ្ញុំ” បទ “បេះដូងអ្នកប្រដាល់” បទ “មិនអាចខ្វះថ្លៃ” បទ “ទុកឱកាសឱ្យបងខ្លះផង” ក្នុងផលិតកម្មសាន់ដេ។
លោកខេមរៈ ភារុន ឱ្យដឹងទៀតថា ក្នុងឆ្នាំ២០០៩ បទចំរៀងដែលខេមរៈ សិរីមន្ដ ត្រូវមហាជនកាន់តែស្គាល់ខ្លាំងនោះគឺបទ “បងខុសហើយ” បទ “ទៅយកប្ដីបារាំង” បទ “ចង់បានប្រពន្ធខ្មែរ” និងបទ “លក់ក្របី ព្រោះម៉ែ” ជាដើម ។ ចំណែកក្នុងឆ្នាំ២០១០ នេះមានបទ “អនុស្សាវរីយ៍បាត់ដំបង” បទ “ហូលផាមួងខ្មែរ” បទ “ឈឺឈឺ” បទ “មាន សង្សារក្បត់ចិត្ដប្រពន្ធ” និងបទ “ត្រឹមអ្នក កំប្លែង” ។ ចាប់តាំងពីថ្ងៃទី២៥ មិថុនា ឆ្នាំ ២០១០ ទៅ មានស៊ីឌីចេញបទថ្មី៦បទទៀត គឺបទ “សង្សារ ក៏ផិតមិត្ដក៏ក្បត់” បទ“ផ្ញើសារ បេះដូង” បទ “មិនអាចឱ្យអូនធ្វើតាមចិត្ដឡើយ” បទ “រស់គ្មានអូនមិនបាន” បទ “ទើប ពេញកំលោះ” និងបទ “ខ្ញុំក៏ធ្លាប់មានសង្សារ ដែរ” ។ បទថ្មីទាំងនេះមិនទាន់ដឹងថា មាន ការគាំទ្រពីប្រិយមិត្ដអ្នកស្ដាបកំរិតណាទេ។ ក្នុងឆ្នាំ២០១០នេះក្នុងរយៈពេល២ត្រីមាសកន្លងមក លោកខេមរៈ សិរីមន្ដ ឡើងច្រៀង នៅលើឆាកប្រគំតន្ដ្រីចុងសបា្ដហ៍តាមស្ថានីយ ទូរទស្សន៍បានតែ២លើកប៉ុណ្ណោះ គឺច្រៀង ក្នុងកម្មវិធីប្រគំតន្ដ្រីរបស់ស្ថានីយទូរទស្សន៍ប៉ុសិ៍្ដលេខ៥ និងលើកទី២ក្នុងកម្មវិធីប្រគំ តន្ដ្រីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ពេលនេះលោកកំពុងត្រៀមខ្លួនឡើងច្រៀងលើឆាកប្រគំតន្ដ្រីរបស់ ស្ថានីយទូរទស្សន៍បាយ័ននៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១០ ដើម្បី បង្ហាញបទចំរៀងថ្មីរបស់លោក ។
លោកខេមរៈ ភារុន ឱ្យដឹងថា បទចំរៀងដែលប្អូនប្រុសលោក ច្រៀងឱ្យផលិតកម្មសាន់ដេ គឺសុទ្ធតែជាស្នាដៃរបស់លោកជាអ្នកនិពន្ធទំនុកច្រៀងទាំងអស់ ។ សព្វថ្ងៃ ក្រៅពីថតសំលេងចូលស៊ីឌី និងសំដែងកាយវិការឱ្យផលិតកម្មសាន់ដេ លោកខេមរៈ សិរី មន្ដ តែងតែច្រៀងនៅលើឆាកប្រគំតន្ដ្រីរបស់ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល ដែលរៀបចំនៅតាមបណ្ដាខេត្ដ-ក្រុងនានា ទូទាំងប្រទេស ។ លោកធ្លាប់ចេញទៅសំដែងនៅប្រទេសអូស្ដ្រាលីចំនួន២ដងផងដែរ ។
នៅឆ្នាំ២០០៤ លោកខេមរៈ សិរីមន្ដ ចូល រួមប្រឡងច្រៀងក្នុងកម្មវិធីណេសត្លេនៅស្ថា នីយទូរទស្សន៍រាជធានីភ្នំពេញប៉ុសិ៍្ដលេខ៣ បានទទួលចំណាត់ថ្នាក់លេខ១។ ក្រោយមក លោកបានទៅសុំផលិតកម្មយូធូច្រៀងដោយ មានអ្នកយកព័ត៌មានម្នាក់ជួយសុំឱ្យ ។ លោក ចូលជាសមាជិកដំបូងគ្រាន់តែហ្វឹកហាត់ច្រៀង និងធ្វើជាអ្នកបច្ចេកទេសតូចតាច ប៉ុណ្ណោះ ។ពេលល្បីឈ្មោះលោកខេមរៈ សិរីមន្ដ ពុំសូវផ្ដល់ឱកាសឱ្យអ្នកយកព័ត៌មានជួបសំភាសន៍ទេ គឺលោកតែងតែឱ្យជួបបងប្រុស របស់ខ្លួនលោកខេមរៈ ភារុណប៉ុណ្ណោះ ដោយ លោកនិយាយថា “លោកជាប់រវល់ច្រើនពេក រឿងព័ត៌មានផ្សេងៗចង់ដឹងត្រូវជួបសួរលោកខេមរៈ ភារុន ” ៕